(ត្បូងឃ្មុំ)៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បរិយាកាសនៅ ត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ បានក្លាយជាទីជួបជុំយ៉ាងអធិកអធមរបស់ប្រជាពលរដ្ឋរាប់រយនាក់ ដែលមកចូលរួមក្នុង ពិធីចាប់ត្រីតាមបែបបុរាណ ឆ្នាំ២០២៦ ប្រកបដោយភាពរីករាយ សាមគ្គីភាព និងអារម្មណ៍កក់ក្ដៅនៃជីវិតជនបទខ្មែរ។
ពិធីនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋមូលដ្ឋានយ៉ាងច្រើនកុះករ។
ពិធីចាប់ត្រីតាមបែបបុរាណនេះ មិនមែនជាសកម្មភាពកម្សាន្តធម្មតាទេ ប៉ុន្តែជាការស្ដារឡើងវិញនូវទំនៀមទម្លាប់ប្រពៃណី ដែលបុព្វបុរសខ្មែរ បានបន្តបង្រៀន និងថែរក្សាមកពីជំនាន់មួយទៅជំនាន់មួយ។ ប្រជាពលរដ្ឋចូលរួមប្រើប្រាស់ឧបករណ៍ចាប់ត្រីបែបប្រពៃណី ដូចជា អង្រុត សំណាញ់ កន្ត្រក និងវិធីសាស្ត្រចាប់ត្រីដែលមិនបំផ្លាញធនធានធម្មជាតិ។
ក្នុងស្រះទឹកត្រពាំងក្រម សម្លេងទឹកហូរ បញ្ចូលគ្នាជាមួយសម្លេងសើចសប្បាយរីករាយរបស់កុមារ មនុស្សចាស់ និងយុវជន បានបង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាត និងមានន័យជ្រាលជ្រៅ នៃជីវិតសហគមន៍ជនបទខ្មែរ។ ពិធីនេះគ្មានការប្រកួតប្រជែង គ្មានការឈ្នះចាញ់ មានតែការចែករំលែក ការជួយគ្នា និងភាពរីករាយរួមជាសហគមន៍។ ប្រជាពលរដ្ឋមូលដ្ឋានបានលើកឡើងថា ពិធីចាប់ត្រីតាមបែបបុរាណនេះ ជាឱកាសដ៏មានតម្លៃ ក្នុងការរឹតបន្តឹងសាមគ្គីភាពក្នុងសហគមន៍ ព្រមទាំងបង្រៀនកូនចៅឲ្យស្គាល់ និងស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរ ក៏ដូចជាការយកចិត្តទុកដាក់ថែរក្សាប្រភពធនធានទឹកឲ្យមានចីរភាព។ សរុបមក ពិធីចាប់ត្រីតាមបែបបុរាណ នៅត្រពាំងក្រម ឆ្នាំ២០២៦ មិនត្រឹមតែផ្តល់ត្រីសម្រាប់អាហាររួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ “អាហារផ្លូវចិត្ត” ជាការចងចាំល្អ សម្រាប់ប្រជាពលរដ្ឋ និងជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា វប្បធម៌ខ្មែរ នៅតែរស់រាន មានតម្លៃ និងបន្តឆ្ពោះទៅមុខ ក្នុងសង្គមសម័យថ្មី៕ដោយ ឃិន សុខន








Post a Comment