Top News

បកស្រាយក្រោយពេលផ្ទុះរឿង.តើមន្ទីរទេសចរណ៍នៅឯណា?


(មណ្ឌលគិរី)(ទឹកធ្លាក់ប៊ូស្រា)៖ ក្រោយពីអង្គភាពសារព័ត៌មានរាល់ថ្ងៃ បានចេញផ្សាយព័ត៌មានអំពីការខកចិត្តរបស់ភ្ញៀវទេសចរ ចំពោះការរៀបចំ និងការគ្រប់គ្រងនៅ ទឹកធ្លាក់ប៊ូស្រា ខេត្ត មណ្ឌលគិរី មិនបានយូរប៉ុន្មាន ខាងអ្នកគ្រប់គ្រងរមណីយដ្ឋានបានចេញសេចក្តីបកស្រាយជាសាធារណៈ ដើម្បីបដិសេធការរិះគន់ និងបញ្ជាក់ពីគោលការណ៍ស្កេនប្រាក់ចូលកម្សាន្ត។

យ៉ាងណាមិញ សំណួរដ៏សំខាន់មិនមែនស្ថិតនៅលើ -៣,០០០រៀល- ឬ -ស្កេនម្តងបានម្តង- ប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើ ការគ្រប់គ្រង និងការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ ដែលត្រូវតែធានាបាននូវភាពច្បាស់លាស់ សមរម្យ និងការឆ្លើយតបជាសាធារណៈ មុនពេល បញ្ហាផ្ទុះលើបណ្តាញសង្គម។

គួរឲ្យកត់សម្គាល់ថា មុនពេលខាងអ្នកគ្រប់គ្រងចេញសេចក្តីបកស្រាយនេះ សារព័ត៌មានរាល់ថ្ងៃ បានព្យាយាមទាក់ទងសម្ភាសន៍ទៅលោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដើម្បីសុំការបំភ្លឺជាផ្លូវការ ប៉ុន្តែត្រូវបាន ចុចបិទទូរស័ព្ទ។ លើសពីនេះ លេខទំនាក់ទំនងនៅលើស្លាកស្កេនប្រាក់ចូលកម្សាន្ត ក៏ត្រូវបានសួរតាមប្រព័ន្ធតេឡេក្រាម តែមានតែការចូលមើល ដោយគ្មានការឆ្លើយតប។

សំណួរ

-បើគោលការណ៍ច្បាស់លាស់ ហេតុអ្វីមន្ទីរទេសចរណ៍មិនចេញបំភ្លឺភ្លាមៗ?

- បើការគ្រប់គ្រងសមរម្យ ហេតុអ្វីភ្ញៀវទេសចរច្រើននាក់ដល់ថ្នាក់បង្ហោះវីដេអូបង្ហាញការខកចិត្តជាសាធារណៈ?

- តើការចេញបកស្រាយ ក្រោយពេលព័ត៌មានចេញផ្សាយ គឺជាទម្រង់ទំនួលខុសត្រូវ ឬជាការដោះស្រាយបែបរង់ចាំឲ្យរឿងផ្ទុះសិន?

ការបកស្រាយរបស់អ្នកគ្រប់គ្រងអាចជាផ្នែកមួយនៃសម្លេងពាក់ព័ន្ធ ប៉ុន្តែ តួនាទីស្នូល ត្រូវស្ថិតលើមន្ទីរទេសចរណ៍ ដែលមានភារកិច្ចត្រួតពិនិត្យ ណែនាំ និងការពាររូបភាពទេសចរណ៍ខេត្ត មិនមែនស្ងាត់នៅពេលមានបញ្ហា ហើយទុកឲ្យអ្នកគ្រប់គ្រងឯកជនចេញមុខដោះស្រាយតែម្នាក់ឯងនោះទេ។

ជាទីបញ្ចប់ អង្គភាពសារព័ត៌មានរាល់ថ្ងៃ សូមអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់ឯកឧត្ដម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាពិនិត្យលើការងាររបស់មន្ទីរទេសចរណ៍ និងការគ្រប់គ្រងតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីកុំឲ្យភាពរញ៉េរញ៉ៃ និងការឆ្លើយតបយឺតយ៉ាវ បន្តបំផ្លាញទំនុកចិត្តភ្ញៀវទេសចរ និងឈ្មោះល្បីរបស់ខេត្តទៀត។

ការបកស្រាយព័ត៌មានមិនគួរចេញក្រោយសម្ពាធទំនួលខុសត្រូវត្រូវចេញមុនបញ្ហាផ្ទុះ៕ដោយ ឃិនសុខន








Post a Comment

Previous Post Next Post

Kdaily-news ads