(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី បើកការដ្ឋានជួសជុលផ្លូវខេត្តលេខ ៣៧៦៤ (ផ្លូវប៊ូស្រា)។
ការជួសជុលផ្លូវខាងលើនេះ ត្រូវបានអនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តលោក រស់ គឹម ធន ជាប្រធានមន្ទីរ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត របស់លោក រស់ គឹម ធន ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបម្រើការធ្វើដំណើរប្រចាំថ្ងៃ ការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋ និងការលើកកម្ពស់សក្ដានុពលសេដ្ឋកិច្ចមូលដ្ឋាន។
ជាពិសេស ផ្លូវខេត្តលេខ ៣៧៦៤ (ផ្លូវប៊ូស្រា) ត្រូវបានចាត់ទុកថា ជា ផ្លូវសំខាន់យុទ្ធសាស្ត្រ ដែលតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញរបស់ខេត្តមណ្ឌលគិរី រួមមាន ទឹកជ្រោះប៊ូស្រា និងតំបន់ ភ្នំណាលៀ ដែលជាគោលដៅទេសចរណ៍មានសក្ដានុពលខ្ពស់ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ ការកែលម្អផ្លូវនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ បង្កើនសុវត្ថិភាពចរាចរណ៍ និងជំរុញឲ្យវិស័យទេសចរណ៍ក្នុងតំបន់ មានការរីកចម្រើនកាន់តែប្រសើរ។ លើសពីនេះទៀត ផ្លូវប៊ូស្រា ក៏មានតួនាទីសំខាន់ ក្នុងការតភ្ជាប់ការដឹកជញ្ជូនផលិតផលកសិកម្ម ពីតំបន់ជនបទទៅកាន់ទីផ្សារ ជួយកាត់បន្ថយការចំណាយ និងលើកកម្ពស់ប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ។
ការងារជួសជុលផ្លូវខេត្តលេខ ៣៧៦៤ នេះ ជាសមិទ្ធផលមួយដ៏មានន័យ ស្របតាមទិសដៅអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ បានសម្តែងការសាទរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និងការអនុវត្តការងារដោយមានទំនួលខុសត្រូវរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលជាអង្គភាពស្នូល ក្នុងការរុញច្រានការអភិវឌ្ឍផ្លូវថ្នល់ លើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីទាំងមូល៕ ដោយ ឃិន សុខន







Post a Comment