Top News

បំភ្លឺ ឬបំបិទការពិត? ពាក្យ /ឆ្កឹះ/ កំពុងជំនួសពាក្យ /ទាត់/ ដើម្បីសម្រាលទោសគ្រូ?

(ពោធិ៍សាត់)៖ ករណីគ្រូបង្រៀនម្នាក់ត្រូវបានចោទថា ប្រើអំពើហិង្សាលើសិស្ស កំពុងធ្វើឲ្យសង្គមសួរថា ការពិតស្ថិតនៅខាងណា? សម្រាប់ខាង សិស្សរងគ្រោះអះអាងថា ត្រូវ  (ទាត់ជើងពេញទំហឹង) បណ្តាលឲ្យរងរបួស។

ចំណែកខាង រដ្ឋបាលស្រុកអះអាងថា គ្រូ (គ្រាន់តែយកជើងឆ្កឹះ) មិនមែនទាត់ទេ។

ពាក្យថា -ទាត់- និង -ឆ្កឹះ- វាខុសគ្នាដាច់ស្រឡះ តែចំណុចសំខាន់មិនមែនសព្វវចនៈ-គឺ អំពើប៉ះពាល់លើរាងកាយសិស្ស។

សិស្សគឺជាកុមារ ដែលត្រូវការការការពារ មិនមែនការបកស្រាយពាក្យដើម្បីបន្ថយទោសនោះទេ។ ករណីនេះបានលេចឡើងយ៉ាងទូលំទូលាយលើបណ្ដាញសង្គម ចាប់ពីថ្ងៃទី ១៦–១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទោះបីហេតុការណ៍បានកើតឡើងជាងមួយខែមកហើយ នៅ វិទ្យាល័យព្រះម្លូរ ស្ថិតក្នុងភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សិស្សរងគ្រោះឈ្មោះ លី សុវណ្ណារាជ ត្រូវបានសាលាចោទថា ធ្វើខុសបទបញ្ជាផ្ទៃក្នុង។ ប៉ុន្តែសិស្សបានបដិសេធថា មិនបានលេង ឬមុតអំបែងកែវ ដូចការចោទប្រកាន់ឡើយ។

សំណួរធំ គឺ៖ បើសិស្សខុស តើហេតុអ្វីត្រូវឆ្លើយតបដោយការប៉ះពាល់រាងកាយ? ហើយបើគ្រូមិនទាត់ តើការប្រើជើង -ឆ្កឹះ- លើសិស្ស គួរត្រូវបានទទួលយកដែរ ឬ?

ការបំភ្លឺពីអាជ្ញាធរ អាចជួយសម្រាលទោសគ្រូម្នាក់បានក្នុងមុំមួយ ប៉ុន្តែ មិនអាចលុបសម្លេងកុមារ ដែលអះអាងពីការឈឺចាប់បានឡើយ។ ក្នុងសង្គមនីតិរដ្ឋ សម្លេងអ្នកខ្សោយគួរត្រូវបានស្តាប់ មិនមែនត្រូវបានបង្រួមដោយអំណាចនៃការបកស្រាយពាក្យ។ សារព័ត៌មានមិនមានភារកិច្ចចោទប្រកាន់នរណាមុនការស៊ើបអង្កេតទេ ប៉ុន្តែមានភារកិច្ច ដាក់សំណួរទៅលើអំណាច និង ការពារសិទ្ធិកុមារ។ ដូច្នេះ ការស៊ើបអង្កេតឯករាជ្យ យុត្តិធម៌ និងមានតម្លាភាព គឺជាចម្លើយតែមួយ ដែលអាចបញ្ចប់ការសង្ស័យរបស់សង្គម និងផ្តល់យុត្តិធម៌ដល់គ្រប់ភាគី។ ពេលសម្តីពីរផ្ទុយគ្នា.សង្គមត្រូវឈរនៅខាងការពិត មិនមែនខាងអំណាច៕ដោយ ឃិន សុខន







Post a Comment

Previous Post Next Post

Kdaily-news ads