Top News

កិច្ចប្រជុំប្រចាំត្រីមាស ពង្រឹងកិច្ចសហការក្នុងការគ្រប់គ្រង និងការពារដែនជម្រកសត្វព្រៃ កែវសីមា!


(ខេត្តមណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំប្រចាំត្រីមាស ជាមួយគណៈបញ្ជាការឯកភាព ស្រុកកែវសីមា ស្រុកអូររាំង និងក្រុងសែនមនោរម្យ ដើម្បីពង្រឹងកិច្ចសហការក្នុងការគ្រប់គ្រង និងការពារដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃកែវសីមា ឲ្យមានប្រសិទ្ធភាព និងចីរភាព។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាល និងអភិបាលរងក្រុង–ស្រុក មេឃុំ ចៅសង្កាត់ តំណាងអង្គការ WCS ព្រមទាំងមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំ អង្គប្រជុំបានស្តាប់របាយការណ៍អំពីលទ្ធផលការងារកន្លងមក ពិភាក្សាពិនិត្យលើបញ្ហាប្រឈម និងដាក់ចេញទិសដៅការងារសំខាន់ៗ ដើម្បីបន្តពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញ និងអង្គការដៃគូ ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ការបំផ្លាញធនធានធម្មជាតិ និងការពារជីវចម្រុះ ឲ្យស្របតាមគោលនយោបាយ និងបទប្បញ្ញត្តិជាធរមាន។

លោកអភិបាលរងខេត្ត បានមានមតិបញ្ជាក់ និងណែនាំឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចតាមតួនាទី និងសមត្ថកិច្ចរបស់ខ្លួន ដោយរឹតបន្តឹងការចុះត្រួតពិនិត្យនៅមូលដ្ឋាន បង្កើនការចូលរួមពីសហគមន៍ និងពង្រឹងវិន័យការងារ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការពារដែនជម្រកសត្វព្រៃ កែវសីមា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងបរិយាកាសការងារយ៉ាងរលូន មានការឯកភាព និងប្តេជ្ញាចិត្តខ្ពស់របស់គ្រប់ភាគីពាក់ព័ន្ធ៕ដោយ ឃិន សុខន








Post a Comment

Previous Post Next Post

Kdaily-news ads