នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីអេស៉្បាញលោក Pedro Sanchez បានប្រកាន់ជំហរជំទាស់យ៉ាងរឹងមាំរបស់លោក ចំពោះការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល លើប្រទេសអ៉ីរ៉ង់ ដោយព្រមានថា ជម្លោះនេះកំពុងលេងល្បែងជាមួយអាយុជីវិតមនុស្សរាប់លាននាក់។
លោកថា «ពិភពលោកមិនអាចដោះស្រាយបញ្ហា ដោយប្រើជម្លោះ និងគ្រាប់បែកនោះទេ»។ លោក Sanchez ក៏បានលើកឡើងថា «នេះហើយគឺជារបៀបដែលគ្រោះមហន្តរាយធំរបស់មនុស្សជាតិចាប់ផ្តើម អ្នកមិនអាចលេងល្បែងជាមួយជោគវាសនារបស់មនុស្សរាប់លាននាក់បានទេ»។ លោកនាយករដ្ឋមន្រ្តីអេស៉្បាញ បានបន្តថា គោលជំហររបស់រដ្ឋាភិបាលអេស៉្បាញមានភាពច្បាស់លាស់គឺ ឆ្លើយថាទេចំពោះសង្រ្គាម។
លោក Sanchez បានបន្ថែមថា «យើងនឹងមិនចូលពាក់ព័ន្ធក្នុងអ្វីមួយ ដែលជះផលអាក្រក់សម្រាប់ពិភពលោក ឬផ្ទុយពីគុណតម្លៃនិងប្រយោជន៍របស់យើង ដោយសារគ្រាន់តែខ្លាចការគំរាមកំហែង និងសងសឹកពីនរណាម្នាក់ឡើយ»។
លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ ជាមួយទីក្រុងម៉ាឌ្រីដ ដោយសារគោលជំហរជុំវិញជម្លោះដែលកំពុងផ្ទុះឡើងនៅមជ្ឈិមបូព៌ា។
លោក Sanchez បានថ្កោលទោសប្រតិបត្តិការទម្លាក់គ្រាប់បែក របស់អាមេរិកនិងអ៉ីស្រាអែលនៅអ៉ីរ៉ង់ ថាជាទង្វើធ្វេសប្រហែស និងខុសច្បាប់ ហើយថែមទាំងហាមមិនឱ្យយន្តហោះអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់អេស៉្បាញ ដើម្បីវាយប្រហារប្រឆាំងទីក្រុងតេហេរ៉ង់។




Post a Comment