ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីក្នុងមូលដ្ឋាន ជាមួយនិងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។
អភិបាលរាជធានីភ្នំពេញ បានថ្លែងថា គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវរិតបន្តឹងជាប់ជាប្រចាំ ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលជារឿងសំខាន់ ហើយរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដោយត្រូវពិនិត្យឡើងវិញ ទាំងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ។ ឯកឧត្ដមបន្ថែមថា បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវបង្ក្រាបភ្លាម។ ក្រៅពីបង្ក្រាប ONLINE SCAMSហើយ ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាជល់មាន់ បៀរ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូជាដើម គឺត្រូវតែបង្ក្រាបឱ្យអស់ ព្រោះប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ចំណែកលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាស្មុកស្មាញរបស់កម្លាំងមានសមត្ថកិច្ច ដោយជនល្មើសប្រើប្រាស់យុទ្ធសាស្ត្រចម្រុះដើម្បីឆបោកជនរងគ្រោះដែលមិនសូវយល់ដឹងពីបច្ចេកវិទ្យា។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ពាក់ព័ន្ធនងបទល្ឦើសឆបោកតាមបច្ចេកវិទ្យានេះ កម្លាំងមានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការណ៍បង្រ្កាបជាប្រចាំ៕






Post a Comment