Top News

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់ផ្កាឈូក ដើម្បីរំលឹកគុណវីរភាពយុទ្ធជនពលី ក្នុងទិវាជ័យជម្នះ ៧ មករា ខួបលើកទី៤៧!


(មណ្ឌលគិរី)៖ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ គឺជាទិវាប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ជាតិខ្មែរ ជាទិវាដែលបានបញ្ចប់របបប្រល័យពូជសាសន៍ បើកផ្លូវឲ្យប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ បានរស់រានមានជីវិតឡើងវិញ ក្រោមពន្លឺសន្តិភាព សេរីភាព និងការអភិវឌ្ឍ។

ក្នុងបរិបទនៃការរំលឹកខួបលើកទី៤៧ នៃទិវាជ័យជម្នះដ៏មានតម្លៃនេះ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់ផ្កាឈូក ដើម្បីឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី ដែលបានបូជាជីវិត និងឈាមសាច់ ដើម្បីបុព្វហេតុជាតិ សង្គ្រោះប្រជាជន និងការពារអធិបតេយ្យភាព បូរណភាពទឹកដីមាតុភូមិ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាសមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ ស.ស.យ.ក.ខេត្ត សមាជិកគណៈកម្មាធិការខេត្ត សាខាតាមវិស័យ និងស.ស.យ.ក. ក្រុង/ស្រុក សរុបប្រមាណ ៣០០នាក់ នៅបរិវេណវិមានឯករាជ្យ ក្រុងសែនមនោរម្យ។

ពិធីគោរពវិញ្ញាណក្ខន្ធនេះ មិនត្រឹមតែជាសកម្មភាពរំលឹកគុណចំពោះវីរភាពយុទ្ធជនពលីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបន្តបេតិកភណ្ឌស្មារតីប្រវត្តិសាស្ត្រ ដើម្បីអប់រំ និងដាស់ស្មារតីយុវជនជំនាន់ក្រោយ ឲ្យយល់ដឹងច្បាស់អំពីតម្លៃសន្តិភាព និងតម្លៃនៃការលះបង់ដ៏មហាសាល ដែលជាមូលដ្ឋាននៃការអភិវឌ្ឍជាតិមកដល់សព្វថ្ងៃ។

តាមរយៈពិធីដ៏ឱឡារិកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី បានបង្ហាញច្បាស់ពីស្មារតីសាមគ្គីភាព ការចងចាំមិនរសាយ និងការប្តេជ្ញាចិត្តបន្តស្ថាបនា ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនយូរអង្វែង ជាសមរម្យនឹងការលះបង់របស់វីរជនខ្មែរទាំងឡាយ។អត្ថបទ ដោយ ឃិន សុខន





Post a Comment

Previous Post Next Post

Kdaily-news ads