(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលឃុំជីរោទ៍ទី២ ក្រោមការដឹកនាំផ្ទាល់ដោយលោក ជា ប៊ុនពៅ មេឃុំជីរោទ៍ទី២ បានបង្ហាញយ៉ាងច្បាស់ពី តួនាទីដឹកនាំនៅមូលដ្ឋានដែលមានចក្ខុវិស័យច្បាស់លាស់ ស្មារតីទទួលខុសត្រូវខ្ពស់ និងបេះដូងមនុស្សធម៌ តាមរយៈការចុះសួរសុខទុក្ខ និងលើកទឹកចិត្តបងប្អូនវីរកងទ័ពជួរមុខ និងគ្រួសារកងទ័ព នៃអង្គភាពវរៈសេនាតូចកាំភ្លើងធំ យោធភូមិភាគទី២ ស្ថិតក្នុងស្រុកត្បូងឃ្មុំ។
ការអញ្ជើញចុះផ្ទាល់របស់លោកមេឃុំ មិនមែនជាការអនុវត្តតួនាទីតាមបែបរដ្ឋបាលធម្មតាទេ ប៉ុន្តែជាការបង្ហាញពី ភាពជាអ្នកដឹកនាំដែលយល់ដឹងជ្រាលជ្រៅអំពីតម្លៃនៃការលះបង់របស់កងទ័ព និងការទទួលខុសត្រូវរួម ក្នុងការគាំទ្រកម្លាំងការពារជាតិ ដែលជាគ្រឹះដ៏សំខាន់នៃសន្តិសុខ និងសុខសន្តិភាពសង្គម។
ក្នុងបេសកកម្មមនុស្សធម៌ដ៏មានន័យជ្រាលជ្រៅនេះ លោក ជា ប៊ុនពៅ បានដឹកនាំយកអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាលើកទឹកចិត្តសរុបចំនួន ៦,៣៥០,០០០រៀល រួមទាំងការឧបត្ថម្ភផ្ទាល់ដល់អង្គភាព ដោយផ្ទាល់ដៃ ដើម្បីជួយសម្រួលជីវភាព និងបន្ថែមកម្លាំងចិត្តដល់កងទ័ព និងគ្រួសារកងទ័ព ដែលកំពុងឈរជើងនៅជួរមុខការពារបូរណភាពទឹកដី។
សកម្មភាពនេះ បង្ហាញឲ្យឃើញថា លោកមេឃុំ ជា ប៊ុនពៅ មិនត្រឹមតែជាមេដឹកនាំឃុំទេ ប៉ុន្តែជាមេឃុំមួយរូប ដែលមានបេះដូង ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ស្គាល់ទុក្ខលំបាក ស្គាល់ការលះបង់ និងតែងតែឈរនៅខាងអ្នកបំពេញភារកិច្ចដើម្បីជាតិ។
ជាមួយគ្នានេះ លោកមេឃុំ ក៏បានថ្លែងសារសរសើរ និងលើកទឹកចិត្តដ៏មានអត្ថន័យខ្ពស់ ដោយជូនពរឲ្យបងប្អូនកងទ័ពទាំងអស់ មានសុខភាពល្អមាំមួន កម្លាំងចិត្តរឹងមាំ និងបន្តបំពេញភារកិច្ចដោយជោគជ័យ ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។ ការដឹកនាំរបស់លោក ជា ប៊ុនពៅ មេឃុំជីរោទ៍ទី២ ត្រូវបានចាត់ទុកថា ជា គំរូដ៏លេចធ្លោ ក្នុងនាមមេឃុំនៅមូលដ្ឋានដែលបំពេញភារកិច្ចដោយស្មារតីស្មោះត្រង់ មនុស្សធម៌ និងស្នេហាជាតិខ្ពស់ ដែលគួរឲ្យកោតសរសើរ និងគាំទ្រ ពីសាធារណជន៕អត្ថបទ ដោយ ឃិន សុខន






Post a Comment