(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត និងឯកឧត្តម កេង ប៊ុនណា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងពិភាក្សាក្រុមទី៥ លើប្រធានបទ
(ប្រសិទ្ធិភាពនៃការអនុវត្តគម្រោងមូលនិធិក្រុង ស្រុក និងឃុំសង្កាត់) ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ក្នុងការពិនិត្យ វាយតម្លៃ និងពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងការអនុវត្តគម្រោងមូលនិធិ ក្រុង ស្រុក និងឃុំសង្កាត់ ឲ្យស្របតាមគោលការណ៍ច្បាប់ វិន័យថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាថា ថវិការដ្ឋដែលបានផ្តល់ចុះមូលដ្ឋាន ត្រូវបានប្រើប្រាស់ត្រឹមត្រូវ មានប្រសិទ្ធភាព មិនបាត់បង់ និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តមអធិបតីបានផ្តល់អនុសាសន៍ដ៏មានសារៈសំខាន់ ដោយលើកទឹកចិត្តឲ្យរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងសមត្ថភាពបច្ចេកទេស ការធ្វើផែនការ ការអនុវត្ត និងការតាមដានវាយតម្លៃគម្រោង ឲ្យមានភាពច្បាស់លាស់ តម្លាភាព និងទទួលខុសត្រូវខ្ពស់ ជាពិសេសការគោរពនីតិវិធីលទ្ធកម្មសាធារណៈ និងការគ្រប់គ្រងឯកសារហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះផងដែរ កិច្ចពិភាក្សាក្រុមបានបង្ហាញពីបទពិសោធន៍ល្អៗ បញ្ហាប្រឈម និងដំណោះស្រាយជាក់ស្តែង ក្នុងការអនុវត្តគម្រោងមូលនិធិមូលដ្ឋាន ដែលជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការរីកចម្រើនសេដ្ឋកិច្ច–សង្គមនៅមូលដ្ឋាន។
កិច្ចប្រជុំនេះ បានបញ្ជាក់ឲ្យឃើញនូវការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការដឹកនាំ ពង្រឹងអភិបាលកិច្ចល្អ និងធានាថា រាល់ថវិការដ្ឋដែលបានផ្តល់ចុះឃុំ សង្កាត់ គឺជាថវិកាសម្រាប់ការអភិវឌ្ឍជាក់ស្តែង បង្កើនប្រយោជន៍សាធារណៈ និងជំរុញការរីកចម្រើនប្រកបដោយចីរភាព៕អត្ថបទ ដោយ ឃិន សុខន






Post a Comment