(ខេត្តកណ្តាល)៖ រថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿង បានបើកបុកជាមួយរថយន្តស៊ាំយ៉ុង និងខ្ទាតទៅប៉ះរថយន្តតូយ៉ូតា ព្រូស (Toyota Prius) មួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត និងស្ត្រីម្នាក់រងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ០៥:៥០នាទី ថ្ងៃទី២៧ តុលា ២០២៥ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៣៩-៤០ ស្ថិតនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា គ្រោះថ្នាក់នេះពាក់ព័ន្ធនឹងរថយន្ត ៣គ្រឿង៖
រថយន្តទី១ ម៉ាក Hyundai ក្បាលសណ្ដោងរ៉ឺម៉ក (ផ្លាកលេខភ្នំពេញ ៣D-៩៦៩៤ សណ្ដោងសឺមីរ៉ឺម៉ក ផ្លាកលេខស្វាយរៀង ៤A-០០៦១) បើកបរដោយឈ្មោះ ទិត សុភ័ត្ដ (ប្រុស, ៤៥ឆ្នាំ) រស់នៅខេត្តព្រៃវែង ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ (កើតទៅលិច)។
រថយន្តទី២ ម៉ាក Ssong yong istana (ផ្លាកលេខភ្នំពេញ ២AY-១៨២៦) បើកបរដោយឈ្មោះ សាត់ សិទ្ធ (ប្រុស, ៣០ឆ្នាំ) រស់នៅខេត្តស្វាយរៀង ដែលបានស្លាប់នៅនឹងកន្លែង។ រួមដំណើរមានឈ្មោះ សិន ស្រីមុំ (ស្រី, ២៩ឆ្នាំ) រងរបួសស្រាល ធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង (លិចទៅកើត)។
រថយន្តទី៣ ម៉ាក Toyota Prius (ផ្លាកលេខស្វាយរៀង ២B-៨៧៨៨) បើកបរដោយឈ្មោះ សុខ កក្កដា (ប្រុស, ៣៣ឆ្នាំ) រស់នៅខេត្តស្វាយរៀង មិនរងរបួស ធ្វើដំណើរស្របជាមួយរថយន្តស៊ាំយ៉ុង (លិចទៅកើត)។
លោកអធិការបានបន្តថា ហេតុការណ៍បានកើតឡើង ខណៈរថយន្តសណ្ដោងរ៉ឺម៉កបានបើកបុកជាមួយរថយន្តស៊ាំយ៉ុង ហើយរថយន្តស៊ាំយ៉ុងក៏ខ្ទាតទៅប៉ះរថយន្តព្រូស។ ការប៉ះទង្គិចនេះបណ្ដាលឲ្យខូចខាតរថយន្តសរុប ៣គ្រឿង (២គ្រឿងស្រាល និងរថយន្តស៊ាំយ៉ុងខូចខាតធ្ងន់)។
លោកអធិការបានបញ្ជាក់ថា ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាក Hyundai ឈ្មោះ ទិត សុភ័ត្ដ បើកបរធ្វេសប្រហែស មិនប្រុងប្រយ័ត្ន បើកជែងរំលោភចូលចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ។
ចំពោះអ្នករងរបួសស្រាល ត្រូវបានបញ្ជូនទៅពេទ្យមណ្ឌលសុខភាពសំរោងធំ។ បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍នគរបាលសំរោងធំបានរង់ចាំសហការជាមួយកម្លាំងជំនាញចុះមកវាស់វែង យកវត្ថុតាងទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ហើយអ្នកបើកបររថយន្តម៉ាក Hyundai ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ និងបន្តនីតិវិធី៕









Post a Comment