Top News

កិច្ចប្រជុំពង្រឹងប្រសិទ្ធភាពសេវារដ្ឋបាល និងសេវាសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែល្អប្រសើរ!



(ត្បូងឃ្មុំ)៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមពិភាក្សាទី២ លើប្រធានបទ (ប្រសិទ្ធិភាពនៃការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ ក្នុងការអនុវត្តការផ្ទេរមុខងាររបស់រដ្ឋបាលក្រុង–ស្រុក មន្ទីរជំនាញ និងប្រព័ន្ធគាំពារសង្គម) ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលប្រារព្ធឡើងនៅសាលប្រជុំ (ក) ជាន់ទី២។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីដឹកនាំប្រកបដោយចក្ខុវិស័យ យកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋ និងការទទួលខុសត្រូវចំពោះការកែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តមអភិបាលរង បានដឹកនាំការពិភាក្សាដោយផ្តោតលើការវាយតម្លៃលទ្ធផលជាក់ស្តែង កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយមានប្រសិទ្ធភាព ដើម្បីធានាថាការផ្ទេរមុខងារ អំណាច និងធនធាន ទៅថ្នាក់ក្រុង–ស្រុក និងមន្ទីរជំនាញ អាចអនុវត្តបានយ៉ាងរលូន មានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។

ជាពិសេស កិច្ចប្រជុំបានផ្តោតលើការកែលម្អគុណភាពសេវារដ្ឋបាល និងសេវាសាធារណៈ ឲ្យកាន់តែឆាប់រហ័ស ត្រឹមត្រូវ ថ្លៃថ្នូរ និងមានតម្លាភាព ព្រមទាំងពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីធានាការថែរក្សាសុវត្ថិភាពសង្គម និងការគាំទ្រដល់ប្រជាពលរដ្ឋក្រុមងាយរងគ្រោះ ឲ្យទទួលបានអត្ថប្រយោជន៍ស្មើភាព និងយុត្តិធម៌។

ស្មារតីដឹកនាំរបស់ឯកឧត្តម ពាង ណារិទ្ធ ក្នុងការប្រមូលផ្តុំយោបល់ ពង្រឹងការសហការរវាងរដ្ឋបាលខេត្ត ក្រុង–ស្រុក មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ បានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ បង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងជំរុញដំណើរការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឲ្យរីកចម្រើនប្រកបដោយចីរភាព។ កិច្ចប្រជុំនេះ ជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរឹងមាំរបស់ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីបម្រើជាតិ និងប្រជាពលរដ្ឋ ជាគោលដៅកំពូល ដើម្បីកសាងរដ្ឋបាលសាធារណៈទំនើប មានប្រសិទ្ធភាព និងឆ្លើយតបបានល្អចំពោះការអភិវឌ្ឍប្រទេសជាតិ៕អត្ថបទ ដោយ ឃិន សុខន






Post a Comment

Previous Post Next Post

Kdaily-news ads