(ខេត្តមណ្ឌលគិរី)៖ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចភ្នំសាងស្នេហ៍ ដោយរថយន្តឡង់ស៊ីស័រ មួយគ្រឿង ដឹកកូនឈើ ដែលត្រូវបានកាប់ចេញពី តំបន់ការពារដោយមេព្រៃ នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្សម្នាក់រងរបួសស្រាល និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
តាមការសម្ភាសជាមួយមេព្រៃ ដែលសារព័ត៌មានរាល់ថ្ងៃ បានទទួលព័ត៌មានច្បាស់លាស់ ឈើទាំងនេះមិនមែនស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមាទេ ប៉ុន្តែជាការកាប់បំផ្លាញក្នុង តំបន់ព្រៃដែលស្ថិតក្រោមការគ្រប់គ្រង និងការពាររបស់រដ្ឋបាលព្រៃឈើផ្ទាល់។ ការពិតនេះ មិនត្រឹមតែគួរឲ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែជាការព្រមានធ្ងន់ធ្ងរ ចំពោះប្រសិទ្ធភាពនៃការគ្រប់គ្រងព្រៃឈើ។
រថយន្តដឹកឈើខុសច្បាប់ ត្រូវបានឈ្មួញដឹកយកទៅលក់ឲ្យក្រុមហ៊ុនជាងសំណង់មួយចំនួន ក្នុងក្រុងសែនមនោរម្យ ដើម្បីយកទៅធ្វើជន្ទល់សម្រាប់ចាក់ប៊ីតុង។ នេះបង្ហាញយ៉ាងច្បាស់ថា បទល្មើសព្រៃឈើ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាប្រព័ន្ធ ខ្សែសង្វាក់បទល្មើស ដែលមានអ្នកកាប់ អ្នកដឹក អ្នកទិញ និងអ្នកទទួលផលចុងក្រោយ។
យោងតាម ច្បាប់ព្រៃឈើ នៃព្រះរាជាណាចក្រកម្ពុជា ការកាប់ ដឹកជញ្ជូន កាន់កាប់ ឬទិញលក់ឈើ ដោយគ្មានលិខិតអនុញ្ញាត គឺជាបទល្មើសធ្ងន់ធ្ងរ ដែលត្រូវ ផ្តន្ទាទោសពិន័យប្រាក់ចាប់ពី លានរៀលឡើងទៅ និង.ឬ. ផ្តន្ទាទោសពន្ធនាគារ ពីខែ ដល់ច្រើនឆ្នាំ អាស្រ័យលើប្រភេទឈើ បរិមាណ និងសភាពធ្ងន់ស្រាលនៃបទល្មើស
ឈើ និងមធ្យោបាយដឹកជញ្ជូន ត្រូវ រឹបអូសជាទ្រព្យរដ្ឋ អ្នកទិញ អ្នកប្រើប្រាស់ និងអ្នកបញ្ជាទិញឈើខុសច្បាប់ ក៏ត្រូវទទួលខុសត្រូវតាមច្បាប់ ដូចគ្នា មិនអាចលាក់ខ្លួនក្រោមលេស (មិនដឹង) បានឡើយ។ ករណីនេះ បញ្ជាក់យ៉ាងច្បាស់ថា បើគ្មានការអនុវត្តច្បាប់យ៉ាងតឹងរឹង និងគ្មានការទទួលខុសត្រូវច្បាស់លាស់ ទោះមានច្បាប់ល្អប៉ុនណា ក៏មិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបានដែរ។ សារព័ត៌មានរាល់ថ្ងៃ សូមលើកឡើងជាសំនួរស្ថាបនា ប៉ុន្តែត្រង់ទៅត្រង់មក:-តើការល្បាត និងការត្រួតពិនិត្យតំបន់ព្រៃ ក្រោមការទទួលខុសត្រូវរបស់មេព្រៃ មានប្រសិទ្ធភាពពិតប្រាកដដែរឬទេ?
តើអ្នកប្រព្រឹត្តបទល្មើស និងអ្នកទទួលផលពីឈើខុសច្បាប់ នឹងត្រូវនាំមកទទួលទណ្ឌកម្មតាមច្បាប់ ឬនឹងបញ្ចប់ត្រឹមរបាយការណ៍ឬ?
.សារព័ត៌មានរាល់ថ្ងៃ សូមអំពាវនាវដល់ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ ឲ្យអនុវត្តច្បាប់ព្រៃឈើដោយស្មើភាព គ្មានការលើកលែង ចំពោះអ្នកកាប់ អ្នកដឹក អ្នកទិញ និងអ្នកប្រើប្រាស់ឈើខុសច្បាប់ ដើម្បីបញ្ឈប់វប្បធម៌ (កាប់បាន.លក់បាន.រួចខ្លួន) ដែលកំពុងបំផ្លាញធនធានធម្មជាតិ និងអនាគតជាតិ។ ការពារព្រៃឈើ គឺជាការពារច្បាប់ ការពារផែនដី និងការពារអនាគតកូនចៅខ្មែរ។ ច្បាប់ត្រូវតែរស់ មិនមែននៅស្លាប់លើក្រដាសឡើយ៕អត្ថបទ ដោយ ឃិន សុខន





Post a Comment