យោធានិងពលរដ្ឋថៃ ព្យាយាមដាក់ទូរកុងតឺន័រប្រមាណ ៥០ទូរ នៅតំបន់ថ្មដា ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី៦ ខែកុម្ភៈនេះ ប៉ុន្តែ បានផ្អាកសកម្មភាពវិញដោយសារតែមានវត្តមាននៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលបានចុះទៅដល់ទីនោះ។
ការដាក់ទូរកុងតឺន័រនេះ ធ្វើឡើងមិនខុសពីនៅតំបន់អានសេះទេ គឺក្នុងគោលបំណងបិទផ្លូវ ហើយអាចបង្កើតនូវស្ថានភាពថ្មីនៅនឹងកន្លែង។ សកម្មភាពដាក់ទូរកុងតឺន័ររបស់ថៃនៅថ្ងៃនេះ បានផ្អាកនៅពេលដែលក្រុមសម្របសម្រួល (CLG) បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះទៅដល់តំបន់នោះ។
មន្ត្រីជាន់ខ្ពស់កម្ពុជាបានថ្លែងថា សកម្មភាពដាក់ទូរកុងតឺន័រនេះ ទាំងនៅថ្មដា និងនៅតំបន់ផ្សេងទៀតគឺជាសកម្មភាពរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងបទឈប់បាញ់។
លោកថ្លែងថា៖ «យោងតាមព័ត៌មានដែលយើងទទួលបាន គឺថៃបានដឹកកុងតឺន័រប្រមាណ ៥០ បម្រុងដាក់បិទផ្លូវនៅថ្មដា ហើយថ្ងៃនេះ AOT បានទៅដល់តំបន់នេះហើយថៃក៏បានផ្អាកសកម្មភាពវិញ»។
លោកបន្តថា៖ «ការដាក់ទូរកុងតឺន័រនេះ គឺជាការំលោភបំពានលើបទឈប់បាញ់ និងរំលោភបំពានលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា»។
យោងតាមក្រសួងការពារជាតិ ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ បទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត៕









Post a Comment