Top News

នោះ!យ៉ាណា!យ៉ាងណីទេ!លោកអធិការស្រុកបាទីក្រសួងមហាផ្ទៃអំពាវនាវមន្ត្រី៦៧នាក់ដាក់ពាក្យប្តឹងបន្ថែម ករណីអធិការបាទី.!


(ភ្នំពេញ)៖ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ សារព័ត៌មានរាល់ថ្ងៃ នៅថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្រសួងមហាផ្ទៃ បានទទួលព័ត៌មានរួចហើយ ពាក់ព័ន្ធករណីមន្ត្រីនគរបាលស្រុកបាទី ចំនួន៦៧នាក់ សាមគ្គីគ្នាដាក់ពាក្យប្តឹងលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ជុំវិញការចោទប្រកាន់ពីអំពើពុករលួយ និងអនុវត្តអំណាចខុសច្បាប់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ព័ត៌មាននេះនៅជាដំណាក់កាលដំបូង ហើយក្រសួងនឹងធ្វើការត្រួតពិនិត្យស្រាវជ្រាវស្វែងរកការពិត ដោយមិនទាន់អាចធ្វើសន្និដ្ឋាន ឬវិនិច្ឆ័យភ្លាមៗបាននោះទេ។ ទោះជាយ៉ាងណា សំណួរដែលសាធារណជន និងមន្ត្រីក្រោមឱវាទកំពុងចាប់អារម្មណ៍ គឺថា ការត្រួតពិនិត្យនេះ នឹងត្រឹមកម្រិតរដ្ឋបាល ឬឈានដល់ការអនុវត្តច្បាប់យ៉ាងតឹងរឹង?

ជាមួយគ្នានេះ លោក ទូច សុខៈ បានលើកទឹកចិត្តឲ្យមន្ត្រីនគរបាលទាំង៦៧រូប ដាក់ពាក្យបណ្តឹងជាផ្លូវការ មកកាន់ក្រសួងមហាផ្ទៃ ដើម្បីផ្តល់ភស្តុតាង និងទឡ្ហីករណ៍បន្ថែម សម្រាប់ការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ។ ការលើកទឹកចិត្តនេះ ក៏ត្រូវបានមើលឃើញថា ជាការបើកផ្លូវឲ្យសំណុំរឿងឆ្ពោះទៅរកការពិនិត្យតាមនីតិវិធីច្បាប់ ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់។

តាមការអះអាងរបស់មន្ត្រីក្រោមឱវាទ ដែលបានដាក់ពាក្យបណ្តឹង លោក ឆាយ កែវមុន្នី ត្រូវបានចោទថា មានភាពមិនប្រក្រតីក្នុងការដឹកនាំ ការកិបកេងប្រាក់ពីមន្ត្រីក្រោមបង្គាប់ និងការប្រើអំណាច ដើម្បីបង្កើតបណ្តាញផលប្រយោជន៍ខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ពាក្យបណ្តឹងដដែល បានរាយការណ៍បន្ថែមថា មានការអនុញ្ញាតឲ្យដំណើរការទីតាំងមាន់ជល់អនឡាញរាប់រយកន្លែង ដោយគ្មានការបង្រ្កាបតាមច្បាប់ ខណៈទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែង ត្រូវបានអះអាងថា បង់ប្រាក់ប្រចាំខែចំនួន ៥,០០០ ដុល្លារសហរដ្ឋអាម៉េរិក ជាថ្នូរនឹងការមិនចុះបង្រ្កាប។

មិនត្រឹមតែប៉ុណ្ណោះ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងស្រុកបាទី មួយចំនួន ក៏ត្រូវបានចោទថា ត្រូវដោះលែងជាបន្តបន្ទាប់ ក្រោមការអះអាងថា ជាអ្នកប្រើប្រាស់ ឬជាជនរងគ្រោះ ដែលបង្កឲ្យមានសំណួរធ្ងន់ធ្ងរ អំពីការអនុវត្តច្បាប់ និងសុចរិតភាពនៃការអនុវត្តតួនាទីរបស់មន្ត្រីពាក់ព័ន្ធ។

ករណីនេះ កំពុងក្លាយជាបញ្ហាដែលសាធារណជនតាមដានយ៉ាងខ្លាំង ពិសេសនៅពេលដែលក្រសួងមហាផ្ទៃបានទទួលព័ត៌មានជាផ្លូវការ ហើយការស៊ើបអង្កេតបន្តទៀត នឹងជាសូចនាករសំខាន់ បង្ហាញពីឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការអនុវត្តច្បាប់ដោយគ្មានការរើសអើង៕ ដោយ ឃិន សុខន














Post a Comment

Previous Post Next Post

Kdaily-news ads