(កណ្តាល)៖ ក្រោយពីប្រើគ្រប់ល្បិចផ្លូវងងឹត ដើម្បីរករឿង គំរាមកំហែង និងបំភ័យសារព័ត៌មានដើមរាំង ចាប់ពីការថតផ្ទះ ថតលេខឡាន–ម៉ូតូ រហូតដល់បញ្ជាឲ្យកូនចៅជំនិតដេញកៀងសហការីសារព័ត៌មាន បង្កស្ថានភាពភ័យខ្លាចជាបន្តបន្ទាប់ ឧកញ៉ាមេឆ្នោតកន្ទុយលេខវៀតណាមម្នាក់នេះ ទីបំផុតបានដល់ចំណុច “អស់តម្រេះ”។
ការរអាក់រអួលធំ កើតឡើងបន្ទាប់ពីសមត្ថកិច្ច ចុះអនុវត្តវិធានការបង្ក្រាបល្បែងឆ្នោតខុសច្បាប់ នៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោមបទបញ្ជារបស់លោក លីវ វណ្ណថេង អភិបាលស្រុកល្វាឯម។ វិធានការនេះ បានបង្ខំឲ្យឧកញ៉ាមេឆ្នោត ត្រូវបិទស្នាក់ការ និងរត់ចោលទីតាំង ដោយមិនអាចបន្តសកម្មភាពដូចមុនបានទៀត។
ប៉ុន្តែពេលការផ្សាយសារព័ត៌មាន មិនអាចបំបិទមាត់បាន ឧកញ៉ាមេឆ្នោតវៀតណាម ក៏ប្ដូរយុទ្ធសាស្ត្រ.ពីការគំរាមកំហែង មកជាវិធី “សុំចរចា”។ មកដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រភពព័ត៌មានបានបញ្ជាក់ថា មាន “អ្នកធំ” ពាក់ផ្កាយម្នាក់ ចូលមកជាអ្នកសម្របសម្រួល ដើម្បីឲ្យមានការដកពាក្យប្តឹង និងបញ្ឈប់ការផ្សាយ។ សំណួរដែលសង្គមកំពុងចង់ដឹង គឺ៖ ការត្រូវគ្នានេះ ត្រូវដោយច្បាប់ ឬត្រូវដោយអំណាចលុយក្រៅប្រព័ន្ធ?
ប្រភពដដែល បង្ហើបថា គ្រាន់តែឮឈ្មោះចាងហ្វាងដើមរាំង និយាយថា «សឿន ផែនដី» ជាពូខ្លួន ក៏ធ្វើឲ្យឧកញ៉ាមេឆ្នោតវៀតណាម ភ័យរអើល និងថយក្រោយភ្លាមៗ។ មិនមែនភ័យពាក្យនិយាយទេ ប៉ុន្តែភ័យឥទ្ធិពល និងបណ្តាញមនុស្សធំៗ ដែលអាចធ្វើឲ្យល្បែងឆ្នោតខុសច្បាប់របស់ខ្លួន ដាច់ដង្ហើមក្នុងមួយយប់។
ហេតុអ្វីបានជាត្រូវសុំចរចា? ព្រោះប្រភពបញ្ជាក់យ៉ាងច្បាស់ថា បើគ្មានការជ្រៀតជ្រែកពីមនុស្សមានអំណាច ការប្រមូលលុយឆ្នោតមិនអាចដំណើរការបានឡើយ។ លុយហូរចូលពីល្បែងឆ្នោតនេះ មិនមែនតិចតួចទេ ប៉ុន្តែជាលុយរាប់សែនដុល្លារ ក្នុងមួយខែ ដែលជាមូលហេតុធំ បង្ខំឲ្យឧកញ៉ាមេឆ្នោតវៀតណាម ត្រូវតែ “រកផ្លូវរស់” តាមរយៈការចរចា។
បើពិតជាមានការត្រូវគ្នា ដកពាក្យប្តឹង និងបញ្ឈប់ការផ្សាយ សង្គមមានសិទ្ធិសួរថា៖ នេះជាជោគជ័យរបស់ច្បាប់ ឬជាជោគជ័យរបស់អំណាចលុយ? ហើយបើល្បែងឆ្នោតកន្ទុយលេខវៀតណាម អាចត្រឡប់មកដំណើរការវិញ ដូចមិនមានអ្វីកើតឡើង តើវាមិនមែនជាសញ្ញាបញ្ជាក់ថា មានអ្នកខ្លះកំពុងឈ្នះច្បាប់ដោយលុយ ឬ? ករណីនេះ មិនមែនជារឿងបុគ្គលទេ ប៉ុន្តែជាការសាកល្បងដ៏ធ្ងន់ធ្ងរ លើឆន្ទៈអនុវត្តច្បាប់ សេរីភាពសារព័ត៌មាន និងការប្រឆាំងល្បែងស៊ីសងខុសច្បាប់ ដែលកំពុងបំផ្លាញសង្គម។ ក្នុងន័យនេះ សារព័ត៌មាន និងមតិសាធារណៈ សូមគោរពសំណូមពរ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់វិធានការតឹងរឹង និងច្បាស់លាស់ ចំពោះករណីល្បែងឆ្នោតខុសច្បាប់នេះ ដោយសារសម្តេចបានប្រកាសជាសាធារណៈរួចហើយ ថា ត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដោយគ្មានការលើកលែង និងគ្មានការអនុគ្រោះ។
សង្គមកំពុងរង់ចាំឃើញថា ច្បាប់នឹងមានអធិការកិច្ចលើអំណាចលុយ ឬអំណាចលុយនឹងបន្តឈ្នះច្បាប់។ ព្រោះបើល្បែងឆ្នោតខុសច្បាប់ ដែលហូរលុយមិនតិចម៉ឺនដុល្លារក្នុងមួយថ្ងៃ នៅតែអាចរស់ឡើងវិញបានដោយការចរចា នោះជ័យជម្នះ មិនមែនជារបស់ច្បាប់ទេ—តែជារបស់អំណាចងងឹត៕ ដោយ ឃិន សុខន













Post a Comment