(ក្រចេះ)៖ ខណៈដែល ដីចំណីផ្លូវជាតិលេខ៧៦ ត្រង់គីឡូម៉ែត្រចាស់ចន្លោះ ១០៥–១០៧ និងបន្តដល់ ១១៣ ចាប់ពី ភូមិ១០៤ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កំពុងត្រូវបានកាយកាប់ជ្រៅដូចជាជ្រោះសម្លាប់មនុស្ស ដោយសកម្មភាពរបស់ ក្រុមហ៊ុន សុវណ្ណរាជស្សី ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់ជីវិតអ្នកធ្វើដំណើរ ករណីនេះបានធ្វើឲ្យមហាជនក្នុងសង្គមមានការភ្ញាក់ផ្អើលខ្លាំង។
ការភ្ញាក់ផ្អើលនេះ កាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពី អង្គភាពសារព័ត៌មានរាល់ថ្ងៃ បានចុះផ្សាយករណីខាងលើ កាលពីល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ រួចមក ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានប្រតិកម្មតបមកកាន់ លោក ឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ ដោយប្រើប្រសាសន៍ថា៖
«លោកប្អូនហ្អើយ អត់អីចុះ អីហ្នុង គ្មានការងារធ្វើសោះហ្មងវ៉ី?»
ប្រសាសន៍ខ្លីៗនេះ បានធ្វើឲ្យមហាជនស្តាប់ហើយ ស្រឡាំងកាំង ព្រោះវាមិនសូវសមជាសម្លេង ថ្នាក់ដឹកនាំខេត្ត ដែលមានភារកិច្ចការពារ សម្បត្តិសាធារណៈរបស់រដ្ឋ និងជីវិតពលរដ្ឋ។ មហាជន និងសង្គមបានតបសួរវិញយ៉ាងចំៗថា៖
- តើគ្រោះថ្នាក់ដែលអាចសម្លាប់មនុស្ស ត្រូវបានកាត់តម្លៃត្រឹមពាក្យ “អត់អីទេ” មែនឬ?រណ្តៅជ្រៅស្រាប់ មិនមែនរឿងនិយាយលេង ជាក់ស្តែងនៅលើទីតាំងខាងលើ ដីចំណីផ្លូវជាតិ ត្រូវបានកាយយកអាចម៍ដីអស់ពីចំណីផ្លូវ បង្កើតជារណ្តៅជ្រៅជាប់ផ្លូវជាតិ ទាំងសងខាងផ្លូវ មិនមែនតែមួយចំហៀងទេ ដោយ៖
_ គ្មានរបាំងការពារ
_ គ្មានសញ្ញាព្រមាន
_ គ្មានវិធានការសុវត្ថិភាព
គ្រាន់តែរថយន្ត ឬម៉ូតូ ជ្រាលចង្កូតបន្តិច ក៏អាចធ្លាក់ចូលភ្លាមៗ ហើយលទ្ធផលដែលអាចកើតឡើង មិនមែនជារបួសស្រាលទេ ប៉ុន្តែអាចឈានដល់ ការបាត់បង់ជីវិត។ នេះគឺជាគ្រោះថ្នាក់ជាក់ស្តែង មិនមែនជាការច្នៃរឿង ឬ “គ្មានការងារធ្វើសោះ” ដូចពាក្យដែលបានថ្លែងឡើយ។
ធ្វើតាំងពីឆ្នាំ២០២៥ តែអាជ្ញាធរស្ងៀម
ពលរដ្ឋបញ្ជាក់ថា សកម្មភាពកាយកាប់ដីរដ្ឋចិញ្ចើមផ្លូវជាតិនេះ បានកើតឡើង តាំងពីឆ្នាំ២០២៥មកម្លេះ។ ពួកគាត់ធ្លាប់រាយការណ៍ទៅអាជ្ញាធរស្រុក និងខេត្តរួចហើយ ប៉ុន្តែ មិនមានលទ្ធផលជាក់លាក់ ណាមួយឡើយ។ អាជ្ញាធរស្រុកស្នួល ត្រូវបានរិះគន់ថា ស្ងៀមស្ងាត់ និងបិទភ្នែកធ្វើមិនដឹង។
ពលរដ្ឋនៅភូមិ១០៤ ឃុំឃ្សឹម បានសម្តែងការអរគុណដល់ សារព័ត៌មានរាល់ថ្ងៃ ដែលបានចុះផ្សាយករណីនេះ ដោយបញ្ជាក់ថា ក្រោយការផ្សាយ បានឮថា មានការណែនាំពីថ្នាក់ស្រុក និងខេត្ត ឲ្យមេភូមិ និងសមត្ថកិច្ចចុះឃាត់ ក្រុមហ៊ុន លែងឲ្យបន្តកាយយកអាចម៍ដីបន្ថែម។
សំណួរដែលសង្គមទាមទារចម្លើយ មហាជនសួរយ៉ាងចំៗថា"
-ហេតុអ្វីសកម្មភាពបំពានដីរដ្ឋនេះ អាចធ្វើបានរាប់ឆ្នាំ ដោយគ្មានវិធានការហាមឃាត់?
- តើអាជ្ញាធរខ្លាចក្រុមហ៊ុន ឬអំណាចលុយបញ្ជាមាត់?
- ឬអំណាចលុយ មានឥទ្ធិពលខ្លាំងជាងអំណាចច្បាប់?
មហាជនរិះគន់ថា បើអាជ្ញាធរមានឆន្ទៈពិតប្រាកដ
_ ការកាយដីលើដីរដ្ឋ មិនអាចធ្វើបានយូរឆ្នាំបែបនេះទេ!
_ ផ្លូវជាតិ ក៏មិនអាចក្លាយជារណ្តៅសម្លាប់មនុស្ស ដោយគ្មានអ្នកទទួលខុសត្រូវបានឡើយ ដីចំណីផ្លូវ គឺសម្បត្តិរដ្ឋ។
គួររំលឹកថា ដីចំណីផ្លូវជាតិ គឺជាសម្បត្តិសាធារណៈរបស់រដ្ឋ សម្រាប់ការពង្រីក និងអភិវឌ្ឍនាពេលអនាគត។ ការកាប់កាយយកដីអស់ថ្ងៃនេះ គឺជាការកាត់ផ្តាច់អនាគត និងបើកផ្លូវឲ្យគ្រោះថ្នាក់ស្លាប់មនុស្ស កើតឡើងនៅថ្ងៃស្អែក។ ថ្នាក់ដឹកនាំខេត្ត មិនមានតួនាទី បន្ថយភាពធ្ងន់ធ្ងរបញ្ហា ធ្វើដូចមិនឃើញគ្រោះថ្នាក់ ឬឈរខាងក្រុមហ៊ុន សូមឈរខាងពលរដ្ឋ និងច្បាប់ ទើបសង្គមអាចទទួលយកបាន។
(សំណូមពរផ្លូវការពីអង្គភាពសារព័ត៌មានរាល់ថ្ងៃ)
អង្គភាពសារព័ត៌មានរាល់ថ្ងៃ ក្នុងនាមជាអ្នកនាំសម្លេងមហាជន សូមស្នើសុំយ៉ាងច្បាស់ថា៖ បញ្ឈប់ជាបន្ទាន់ សកម្មភាពកាយកាប់ដីចំណីផ្លូវជាតិលេខ៧៦ អាជ្ញាធរគួបង្ខំឲ្យក្រុមហ៊ុន សុវណ្ណរាជស្សី លប់ដីរណ្តៅចិញ្ចើមផ្លូវ ឲ្យត្រឡប់សភាពដើម។ គួចាត់វិធានការច្បាប់ លើការបំពានដីរដ្ឋ និងការបង្កហានិភ័យសាធារណៈ ជាមួយគ្នានេះ សូមគោរពសំណូមពរទៅកាន់:-
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តា ចុះពិនិត្យដោយផ្ទាល់ និងបញ្ជាឲ្យក្រុមហ៊ុនទទួលខុសត្រូវ លប់ដីចិញ្ចើមផ្លូវ ហើយស្តារសុវត្ថិភាព ជូនពលរដ្ឋ ភ្ញៀវជាតិ-នឹងអន្តរជាតិ ដែលធ្វើដំណើរឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិផ្សេងៗនៅខេត្តមណ្ឌលគិរី។
ព្រោះផ្លូវជាតិ មិនមែនជាទីល្បងលើជីវិតមនុស្សទេ! ហើយ ជីវិតពលរដ្ឋខ្មែរ មិនអាចប្តូរជាមួយផលប្រយោជន៍ឯកជនរបស់ក្រុមហ៊ុនបានឡើយ៕ អត្ថបទ ដោយ ឃិន សុខន







Post a Comment