Top News

ដីចំណីផ្លូវជាតិលេខ៧៦ ត្រូវកាប់ជ្រៅដូចជាជ្រោះសម្លាប់មនុស្ស.ក្រុមហ៊ុនធ្វើដូចមិនគិតពីជីវិត អាជ្ញាធរខេត្តក្រចេះស្ងៀមដូចមិនឃើញអ្វីកើតឡើង.!


(ខេត្តក្រចេះ)៖ ស្ថានភាពផ្លូវជាតិលេខ៧៦ ត្រង់គីឡូចាស់ចន្លោះ ១០៥–១០៧ កំពុងក្លាយជា “អន្ទាក់សម្លាប់” សម្រាប់អ្នកធ្វើដំណើរ ក្រោយក្រុមហ៊ុន «សុវណ្ណ រាជស្សី» បន្តកាប់កាយដីចំណីផ្លូវយ៉ាងជ្រៅ និងជិតខ្សែផ្លូវជាតិ ដោយគ្មានរបាំងការពារ គ្មានសញ្ញាព្រមាន និងគ្មានវិធានការសុវត្ថិភាពណាមួយសម្រាប់ជីវិតមនុស្ស។

ពលរដ្ឋអះអាងថា ដីជាយផ្លូវត្រូវបានកាប់យកអស់ចំណីផ្លូវ បង្កើតជាជ្រោះជ្រៅជាប់ផ្លូវជាតិ ដែលគ្រាន់តែរថយន្ត ឬម៉ូតូជ្រាលចង្កូតបន្តិច ក៏អាចធ្លាក់ចូលភ្លាមៗ ហើយលទ្ធផលដែលអាចកើតឡើង គឺការបាត់បង់ជីវិតមិនអាចជៀសវាងបាន។ នេះមិនមែនជាការព្រមានលើកលែងទេ ប៉ុន្តែជាគ្រោះថ្នាក់ជាក់ស្តែងដែលកំពុងគំរាមកំហែងជីវិតពលរដ្ឋរាប់ពាន់នាក់ក្នុងមួយថ្ងៃ។

សំណួរធ្ងន់ដែលសង្គមសួរទៅក្រុមហ៊ុនគឺ៖ តើក្រុមហ៊ុនបានគិតគូរអំពីអត្រាគ្រោះថ្នាក់ចរាចរណ៍ និងជីវិតមនុស្សដែរឬទេ មុននឹងកាប់ដីចំណីផ្លូវជាតិយ៉ាងគ្មានការទទួលខុសត្រូវបែបនេះ? ឬក៏ការយកអាចម៍ដីទៅចាក់ធ្វើប្រយោជន៍ផ្ទាល់ក្នុងដីក្រុមហ៊ុន មានតម្លៃធំជាងជីវិតអ្នកធ្វើដំណើរខ្មែរ? ជាមួយគ្នានេះ អាជ្ញាធរខេត្តក្រចេះ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវបានសង្គមចោទសួរយ៉ាងចំៗថា៖ តើការស្ងៀមស្ងាត់ និងការមិនចាត់វិធានការរបស់អាជ្ញាធរ មានន័យថា កំពុងយល់ព្រមឲ្យមានគ្រោះថ្នាក់កើតឡើងឬ? តើតួនាទីការពារសម្បត្តិសាធារណៈ និងសុវត្ថិភាពពលរដ្ឋ ត្រូវបានដាក់នៅទីណា ខណៈដីចំណីផ្លូវរដ្ឋត្រូវកាប់បំផ្លាញយ៉ាងចំហរ? ពលរដ្ឋសង្កត់ធ្ងន់ថា នេះមិនមែនជាបញ្ហាអភិវឌ្ឍន៍ទេ ប៉ុន្តែជាបញ្ហា ការមិនគោរពជីវិតមនុស្ស។ ប្រសិនបើថ្ងៃស្អែកមានគ្រោះថ្នាក់ធ្លាក់ចូលជ្រោះជាយផ្លូវនេះ ការទទួលខុសត្រូវមិនអាចបន្តស្ងៀម ឬបញ្ច្រាសបន្ទុកទៅលើអ្នកបើកបរបានឡើយ។

គួររំលឹកថា ដីចំណីផ្លូវជាតិ គឺជាសម្បត្តិសាធារណៈរបស់រដ្ឋ សម្រាប់ការពង្រីក និងការអភិវឌ្ឍអនាគត។ ការកាប់យកអស់ចំណីផ្លូវថ្ងៃនេះ គឺជាការកាត់ផ្តាច់អនាគត និងបើកផ្លូវឲ្យគ្រោះថ្នាក់ស្លាប់កើតឡើងនៅថ្ងៃស្អែក។

ពលរដ្ឋ និងអ្នកតាមដានសង្គម ស្នើសុំយ៉ាងដាច់ខាតថា៖ ត្រូវផ្អាកសកម្មភាពកាប់ដីចំណីផ្លូវនេះជាបន្ទាន់ ត្រូវចាត់វិធានការច្បាប់លើក្រុមហ៊ុនដែលបង្កហានិភ័យដល់ជីវិតសាធារណៈត្រូវបង្ហាញការទទួលខុសត្រូវច្បាស់លាស់របស់អាជ្ញាធរខេត្ត និងមន្ទីរសាធារណការ  ព្រោះផ្លូវជាតិ មិនមែនជាទីតាំងសាកល្បងហានិភ័យលើជីវិតមនុស្សទេ ហើយជីវិតពលរដ្ឋខ្មែរ មិនគួរត្រូវបានមើលរំលង ដើម្បីបំពេញអត្ថប្រយោជន៍ឯកជនឡើយ៕អត្ថបទ ដោយ ឃិន សុខន






Post a Comment

Previous Post Next Post

Kdaily-news ads