ខេត្តត្បូងឃ្មុំ)៖ បើកកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត
នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានប្រារព្ធធ្វើឡើងក្នុងបរិយាកាសយកចិត្តទុកដាក់ ខ្ពស់ និងពោរពេញដោយស្មារតីទទួលខុសត្រូវ។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមថ្នាក់ដឹកនាំខេត្ត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងរដ្ឋបាលក្រុង ស្រុកទាំង៧ សម្រេចបានក្នុងឆ្នាំ២០២៥ កន្លងមក ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ ឯកឧត្តម ឡុង ធាម និងឯកឧត្តម ប៉ែន កុសល្យ បានលើកទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០២៦ ដោយផ្តោតលើការបន្តពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់វិន័យការងារ ភាពស្មោះត្រង់ និងការបម្រើប្រជាពលរដ្ឋជាមូលដ្ឋានស្នូល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីនោះផងដែរ ឯកឧត្តមថ្នាក់ដឹកនាំខេត្ត បានប្រគល់ជូនប័ណ្ណសរសើរ ដល់គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងរដ្ឋបាលក្រុង ស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ ដើម្បីលើកទឹកចិត្ត និងសរសើរចំពោះការខិតខំប្រឹងប្រែង បំពេញភារកិច្ចដោយទទួលខុសត្រូវខ្ពស់ និងមានស្មារតីបម្រើជាតិ និងប្រជាពលរដ្ឋ។
សន្និបាតនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសាមគ្គីភាព ការដឹកនាំប្រកបដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ក្នុងការបន្តដឹកនាំអភិវឌ្ឍខេត្តឱ្យរីកចម្រើន មានស្ថិរភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព និងចីរភាព៕អត្ថបទ ដោយ ឃិន សុខន






Post a Comment