Top News

ពលរដ្ឋលើកឡើងថាពួកខ្ញុំមិនសុំទ្រព្យ មិនសុំលុយសុំតែផ្លូវរស់.!



(ខេត្តរតនគីរី)៖ ពលរដ្ឋក្រីក្រ នៅភូមិកញ្ជូន ស្រុកវើនសៃ កំពុងរស់នៅក្នុងស្ថានភាពដូចជាមនុស្សឈរ​នៅមាត់ជ្រោះជីវិត ក្រោយពីសកម្មភាពកាយរកមាសដោយដៃ ដែលជាមុខរបរចុងក្រោយសម្រាប់ចិញ្ចឹមឆ្នាំងបាយ ត្រូវបានអាជ្ញាធរចុះបិទ។

ពួកគាត់មិនមែនជាអ្នកមាន មិនមែនជាអ្នករកស៊ីធំដុំ មិនមានម៉ាស៊ីន មិនមានគ្រឿងចក្រ។ អ្វីដែលពួកគាត់មាន គឺតែដៃទទេ ឆាងម៉ាងចាស់ៗ និងកម្លាំងកាយសាច់ដុំ ដើម្បីរកប្រាក់តិចតួច សម្រាប់បំពេញពោះកូន និងជីវិតមួយថ្ងៃទៅមួយថ្ងៃ។

«រកព្រឹក ខ្វះល្ងាច. រកល្ងាច ខ្វះព្រឹក» នេះមិនមែនជាពាក្យលេងទេ ប៉ុន្តែជាជីវិតពិតរបស់ពួកគាត់។ មាសដែលរកបាន មិនបានធ្វើឱ្យអ្នកណាក្លាយជាមនុស្សមានទេ តែគ្រាន់តែអាចទិញអង្ករ ទិញអំបិល ទិញថ្នាំពេលកូនឈឺ ប៉ុណ្ណោះ។

ពលរដ្ឋសុំសួរដោយសម្លេងញាប់ញ័រក្នុងចិត្តថា៖

. បើមុខរបរតូចតាចនេះក៏ត្រូវបិទ តើឱ្យពួកគាត់ទៅធ្វើអ្វី?

. តើមានការងារអ្វីជំនួស សម្រាប់មនុស្សដែលគ្មានដី គ្មានទុន គ្មានជំនាញផ្សេងទៀត?

ពួកគាត់មិនបានប្រឆាំងច្បាប់ មិនបានបំផ្លាញបរិស្ថានដោយគ្រឿងចក្រ មិនបានសុំអ្វីលើសសមត្ថភាពរដ្ឋ។ ពួកគាត់គ្រាន់តែសុំ ការយោគយល់ ការប្រោសប្រណី និងដំណោះស្រាយមនុស្សធម៌ មុននឹងបិទផ្លូវរស់របស់មនុស្សក្រីក្រ។ ក្នុងខណៈដែលរាជរដ្ឋាភិបាលកំពុងជំរុញការកាត់បន្ថយភាពក្រីក្រ សូមអាជ្ញាធរពាក់ព័ន្ធ មេត្តាពិចារណាជ្រាលជ្រៅ និងស្តាប់សម្លេងពីមូលដ្ឋានផង។

ព្រោះការអនុវត្តច្បាប់ ប្រសិនបើគ្មានផ្លូវចេញសម្រាប់ជីវិត នោះវាអាចក្លាយជាការបិទក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្រីក្រ។ ពួកគាត់មិនសុំអំណោយ មិនសុំជំនួយឥតឈប់ឈរ សុំតែឱកាសរស់ សុំតែផ្លូវដើរមួយ ដែលអាចចិញ្ចឹមគ្រួសារបានដោយសុចរិត។

 សូមមេត្តា សូមអាណិត សូមគិតពីឆ្នាំងបាយកូនក្មេង និងទឹកភ្នែកឪពុកម្តាយក្រីក្រ នៅតំបន់ដាច់ស្រយាលនេះផង៕អត្ថបទ ដោយ ឃិនសុខន





Post a Comment

Previous Post Next Post

Kdaily-news ads