(ខេត្តមណ្ឌលគិរី)៖ ក្រោមការយកចិត្តទុកដាក់ និងការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីក្រុមប្រតិបត្តិសាខា សហការជាមួយអនុសាខាក្រុង និងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ចុះសួរសុខទុក្ខ និងនាំយកឃីតមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់ ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ចំនួន ១ គ្រួសារ ដែលកំពុងរស់នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។ សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ បង្ហាញយ៉ាងច្បាស់ពីស្មារតី គោរព ស្រឡាញ់ និងដឹងគុណ ចំពោះវីរភាពរបស់កងកម្លាំងការពារជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ ជាពិសេសជាការចូលរួមចំណែកលើកទឹកចិត្តដល់ក្រុមគ្រួសារវីរៈយុទ្ធជន ដែលនៅពីក្រោយសមរភូមិ។
ក្នុងឱកាសនោះ លោក អាន សុឃីម នាយកសាខា បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការលើកទឹកចិត្តយ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងមិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់នៅក្រោយលំបាកឡើយ ក្នុងគ្រប់កាលៈទេសៈ។ ឃីតមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន អង្ករ មីអាហារ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង សម្ភារៈប្រើប្រាស់ចាំបាច់ ឃីតសុខភាព និងថវិកាមួយចំនួន ព្រមទាំងការឧបត្ថម្ភបន្ថែមពីក្រុង និងសង្កាត់ ដែលសកម្មភាពទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពលំបាក និងបង្កើនភាពកក់ក្តៅដល់ក្រុមគ្រួសារទទួលផល។
សកម្មភាពនេះ គឺជាភស្តុតាងបញ្ជាក់អំពីតួនាទី និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ កាកបាទក្រហមកម្ពុជា ក្នុងការបម្រើមនុស្សធម៌ សង្គមធម៌ និងការលើកស្ទួយស្មារតីសាមគ្គីភាពជាតិ ដោយឈរលើគោលការណ៍(មនុស្សធម៌ជាមុន) និង (មិនរើសអើង មិនទុកអ្នកណាចោល) ៕អត្ថបទ ដោយ ឃិន សុខន






Post a Comment