Top News

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បង្ហាញស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះវីរកងទ័ព និងប្រជាពលរដ្ឋក្នុងស្ថានភាពលំបាក!


(ខេត្តត្បូងឃ្មុំ)៖ ក្រោមការដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវ ការយកចិត្តទុកដាក់ និងភាពជាប់ពាក់ជាមួយប្រជាជនយ៉ាងជិតស្និទ្ធ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តបង្ហាញឱ្យឃើញនូវតួនាទីដឹកនាំដ៏សកម្ម និងមានបេះដូងសប្បុរស ដោយដឹកនាំប្រតិភូខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារចាំបាច់ និងថវិកា ជូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតំបន់ព្រំដែនភាគឧត្តរ។

ដំណើរបេសកកម្មនេះ មិនត្រឹមតែជាការផ្តល់ជំនួយផ្នែកសម្ភារ និងថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់យ៉ាងច្បាស់ពីស្មារតី “មិនទុកអ្នកណាម្នាក់នៅក្រោយ” និងការយកចិត្តទុកដាក់ដ៏ស្មោះត្រង់ របស់ថ្នាក់ដឹកនាំខេត្ត ចំពោះកម្លាំងការពារជាតិ និងប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការលំបាក។

ឯកឧត្តមអភិបាលខេត្ត បានបង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ មិនត្រឹមតែអង្គុយបញ្ជារការងារនៅការិយាល័យប៉ុណ្ណោះទេ ប៉ុន្តែបានចុះដល់ទីតាំងជាក់ស្តែង ឮសម្លេងពិត ឃើញស្ថានភាពពិត និងចែករំលែកទុក្ខលំបាកជាមួយបងប្អូនវីរកងទ័ព និងប្រជាពលរដ្ឋ ដោយផ្ទាល់។

ការចាត់ចែងប្រមូលអំណោយពីមន្ត្រីរាជការ ព្រះសង្ឃ វិស័យឯកជន និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ គឺជាភស្តុតាងបង្ហាញពីសមត្ថភាពសម្របសម្រួល និងស្មារតីដឹកនាំដែលអាចបង្កើតមហាសាមគ្គីភាព ឲ្យក្លាយជាកម្លាំងរួមដ៏រឹងមាំ ក្នុងការគាំទ្រដល់បេសកកម្មការពារជាតិ និងការជួយសង្គ្រោះប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានបន្តពាំនាំសារលើកទឹកចិត្ត និងសេចក្តីនឹករលឹកពីថ្នាក់ដឹកនាំជាតិ ជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក ដោយបញ្ជាក់ថា រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត តែងតែដាក់ប្រជាជន និងកងកម្លាំងការពារជាតិ នៅចំកណ្តាលនៃការគិតគូ និងការសម្រេចចិត្តជានិច្ច។

ការងារនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជាថ្នាក់ដឹកនាំដែលមានទស្សនៈវែង យកចិត្តទុកដាក់លើមនុស្ស និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងបូរណភាពទឹកដីជាតិ ជាមួយរាជរដ្ឋាភិបាល។

នេះជាគំរូដ៏ល្អ នៃការដឹកនាំដែលមានបេះដូង ប្រកបដោយការទទួលខុសត្រូវ និងភាពស្និទ្ធស្នាលជាមួយប្រជាជន ដែលស័ក្តិសមនឹងការសរសើរ និងការគោរពពីមហាជន៕អត្ថបទ ដោយ ឃិន សុខន









Post a Comment

Previous Post Next Post

Kdaily-news ads