(ខេត្តមណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើ គម្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនី សម្រាប់ការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ លក់ឱ្យអ្នកប្រើប្រាស់គ្រប់ប្រភេទ ក្នុងចំណោម ១៧ រាជធានី–ខេត្ត ដែលទិញអគ្គិសនីពីអនុស្ថានីយ បណ្តាញបញ្ជូនរង និងបណ្តាញចែកចាយរបស់អគ្គិសនីកម្ពុជា សម្រាប់ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ បង្ហាញឱ្យឃើញពី ការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរយ៉ាងម៉ត់ចត់របស់ថ្នាក់ដឹកនាំខេត្ត ក្នុងការចូលរួមពិភាក្សា វិភាគ និងផ្តល់មតិយោបល់លើគម្រោងគោលនយោបាយសំខាន់មួយនេះ ដើម្បីធានាថា ការកំណត់ថ្លៃលក់អគ្គិសនី សមស្របនឹងស្ថានភាពជាក់ស្តែង ស្របតាមសមត្ថភាពរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច–សង្គមក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោកអភិបាលរង បានលើកឡើងអំពី សារៈសំខាន់នៃអគ្គិសនីជាអង្គធាតុគ្រឹះ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ការបង្កើតការងារ ការវិនិយោគ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជំរុញឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមផ្តល់មតិយោបល់ប្រកបដោយទំនួលខុសត្រូវ វិជ្ជាជីវៈ និងគិតគូរពីផលប្រយោជន៍រួម ជាពិសេសផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធជាច្រើន និងបានប្រព្រឹត្តទៅនៅ សាលប្រជុំអគារ “គ” នៃអគាររដ្ឋបាលខេត្ត ក្នុងបរិយាកាសសហការយ៉ាងល្អ និងស្ថាបនាខ្ពស់។
តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បន្តបង្ហាញពី ទស្សនវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព សមធម៌ និងចីរភាព សម្រាប់អភិវឌ្ឍខេត្ត និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕អត្ថបទ ដោយ ឃិន សុខន






Post a Comment