ភ្នំពេញ៖ នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ផ្លូវជាតិលេខ១)ប្រជាពលរដ្ឋ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនជាច្រើន បានផ្ញើមតិ និងសំណូមពរមកកាន់ សារព័ត៌មានរាល់ថ្ងៃ ជាបន្តបន្ទាប់ ដោយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពនៅ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្រុកព្រះស្ដេច ខេត្តព្រៃវែង តាមបណ្ដោយផ្លូវជាតិលេខ ១ ចំណុចគីឡូម៉ែត្រលេខ ៧៦ ដែលត្រូវបានអះអាងថា កំពុងមានការអនុវត្តការងារ ធូរលុង និងផ្ទុយពីគោលការណ៍ច្បាប់។ មតិសាធារណៈបានលើកឡើងស្រដៀងគ្នាថា បញ្ហានេះមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែជាបញ្ហាដែលអូសបន្លាយមកយូរឆ្នាំ ដោយគ្មានការកែតម្រូវឲ្យបានជាក់ស្តែង។ ប្រជាពលរដ្ឋខ្លះបាននិយាយថា «លុយអាចបញ្ជារអ្វីៗបានគ្រប់យ៉ាង» ហើយការអនុវត្តច្បាប់ត្រូវបានបំភ្លេចចោលនៅពេលផលប្រយោជន៍ចូលមកជំនួស។
តាមការសង្កេត និងព័ត៌មានដែល សារព័ត៌មានរាល់ថ្ងៃ ទទួលបាន បង្ហាញថា នៅពេលថ្ងៃ ស្ថានីយ៍ជញ្ជីងហាក់ដូចជាស្ងប់ស្ងាត់ ប៉ុន្តែពេលយប់វិញ មានរថយន្តដឹកទំនិញធុនធំៗ ដឹកស្រូវ ដឹកថ្ម ដឹកខ្សាច់ បើកឆ្លងកាត់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការត្រួតពិនិត្យតឹងរឹង។ សកម្មភាពនេះ បានបង្កឲ្យមានការសង្ស័យថា មាន ការឃុបឃិតគ្នាជាប្រព័ន្ធ រវាងមន្ត្រីជញ្ជីង និងក្រុមឈ្មួញដឹកទំនិញ។
ប្រភពពីអ្នកបើកបររថយន្ត និងឈ្មួញដឹកទំនិញ បានអះអាងថា មុនឆ្លងកាត់ស្ថានីយ៍ជញ្ជីង ត្រូវមានការទំនាក់ទំនងជាមុន ហើយបង់ប្រាក់ក្រៅប្រព័ន្ធ ទើបអាចឆ្លងកាត់បានដោយរលូន ដោយមិនចាំបាច់ចូលថ្លឹងទម្ងន់ឡើយ។ ទាំងមានការលើកឡើងថា ប្រាក់ដែលត្រូវបង់ក្នុងមួយគ្រឿង ប្រហែល ១៥ ម៉ឺនរៀល ខណៈរថយន្តដឹកលើសទម្ងន់ មិនដែលត្រូវឲ្យរើទំនិញចេញតាមនីតិវិធីនោះទេ។ មតិប្រជាពលរដ្ឋក្នុងខមិន ក៏បានសង្កត់ធ្ងន់ថា ការខូចខាតផ្លូវជាតិ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាលទ្ធផលនៃ ការអនុវត្តច្បាប់ និងអំពើពុករលួយ។ មតិខមិនមានការរិះគន់ថា បើសិនជាជញ្ជីងអនុវត្តតួនាទីត្រឹមត្រូវ រថយន្តដឹកលើសទម្ងន់មិនអាចឆ្លងកាត់បានឡើយ ហើយផ្លូវសាធារណៈក៏មិនងាយរងការខូចខាតដែរ។ កន្លងមក សារព័ត៌មានរាល់ថ្ងៃ បានធ្លាប់ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានីយ៍ជញ្ជីង ស្រុកព្រះស្ដេច ជាច្រើនវគ្គរួចមកហើយ ប៉ុន្តែតាមការអះអាងពីប្រជាពលរដ្ឋ សកម្មភាពខុសប្រក្រតីនៅតែបន្តកើតមាន ដោយគ្មានចំណាត់ការច្បាស់លាស់។ ក្នុងន័យនេះ សារព័ត៌មានរាល់ថ្ងៃ សូមអំពាវនាវដល់ លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិង ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
មេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងស៊ើបអង្កេត ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីធានាការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ស្តារទំនុកចិត្តសាធារណៈ និងការពារផ្លូវសាធារណៈ ដែលជាសម្បត្តិរួមរបស់ជាតិឲ្យប្រើជាប់បានយូ។
សារព័ត៌មានរាល់ថ្ងៃ សូមបញ្ជាក់ថា ការផ្សព្វផ្សាយនេះ គ្រាន់តែជាការឆ្លុះបញ្ចាំង និងរិះគន់ក្នុងន័យស្ថាបនា ដោយគ្មានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់ស្ថាប័នណាមួយឡើយ ហើយអង្គភាពរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន៕អត្ថបទ ឃិន សុខន






Post a Comment