ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ដឹកជ្រូករស់ចំនួន ១៦០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់កម្ពុជា តាមច្រកកំពុងស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅតាមបណ្ដារាជធានីខេត្ត។
មន្ត្រីជំនាញបានបញ្ជាក់ថា ការដឹកជញ្ជូនជ្រូករស់នេះ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ បច្ចុប្បន្ន មន្ត្រីជំនាញបាននាំយកវត្ថុតាំងមករក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
ប្រភព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្សត្វ






Post a Comment