Top News

អភិបាលស្រុកកែវសីមា យកចិត្តទុកដាក់ការងារបរិស្ថាន ជំរុញឱ្យប្រជាពលរដ្ឋចេះរក្សាអនាម័យសាធារណៈ

(ស្រុកកែវសីមា ខេត្តមណ្ឌលគិរី)៖ លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា បានដឹកនាំមន្ត្រីរាជការ និងសិស្សានុសិស្សចេញដើររើសសំរាម សម្អាតតាមបណ្តោយដងផ្លូវ ជាសកម្មភាពសាធារណៈមួយ ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋយល់ដឹង និងចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសនោះ លោកអភិបាលបានឲ្យដឹងថា ការដឹកនាំមន្ត្រីនិងសិស្សចូលរួមសម្អាតបរិស្ថាននេះ មិនមែនជាការធ្វើតែម្តងប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពបន្តបន្ទាប់ ដើម្បីបង្កើនការយល់ដឹងសាធារណៈ អំពីសារៈសំខាន់នៃការរក្សាបរិស្ថានឱ្យស្អាត និងការរស់នៅក្នុងបរិយាកាសសុខសាន្ត។


លោកថែមទាំងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យមានទម្លាប់ទុកសំរាមក្នុងធុង ឬផ្ទះសំរាម ដោយមិនគួរចោលពាសវាលពាសកាល។ ការចាប់ផ្តើមពីសកម្មភាពតូចៗបែបនេះ អាចជាឧទាហរណ៍ល្អដល់កូនសិស្ស និងសហគមន៍ទាំងមូល ក្នុងការអភិវឌ្ឍស្រុកឱ្យស្អាត ស្អំ និងរស់នៅក្នុងបរិយាកាសបៃតង។


សកម្មភាពរបស់លោក សាន គឹមអ៊ាប បង្ហាញឱ្យឃើញពីភាពយកចិត្តទុកដាក់ខ្ពស់របស់អភិបាលស្រុកចំពោះការងារបរិស្ថាន និងការអប់រំសង្គម ដែលគួរឲ្យសរសើរ និងគួរឲ្យអនុវត្តតាមជាគំរូល្អសម្រាប់សហគមន៍នៅតាមតំបន់ផ្សេងៗ៕ អត្ថបទ ដោយ ឃិន សុខន







Post a Comment

Previous Post Next Post

Kdaily-news ads