(ខេត្តរតនៈគិរី)៖ អំពើរៀបចំកាន់កាប់ដីព្រៃការពារ ក្នុងដែនជម្រកសត្វព្រៃលំផាត់ របស់លោក នឿន ប៊ុនធឿន ហ៊ានរៀបចំឯកសារកាន់កាប់ដីព្រៃការពារ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនៈគិរី ដែលមានទំហំជាច្រើនសែនហិកតារ របស់ឈ្មោះ លោក នឿន ប៊ុន ធឿន កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរ ដែលប៉ះពាល់ដោយផ្ទាល់ដល់អធិបតីភាពច្បាប់ និងការគ្រប់គ្រងធនធានធម្មជាតិរបស់រដ្ឋ។
បើទោះបីមន្ត្រីមូលដ្ឋានពាក់ព័ន្ធ បានបដិសេធថា ឯកសារទាំងនោះជាឯកសារក្លែងក្លាយក្តី ក៏មិនអាចលាងសម្អាតការពិតមួយបាននោះទេ គឺ ការរៀបចំឯកសារកាន់កាប់ និងការអះអាងសិទ្ធិលើដីព្រៃការពារ គឺជាអំពើល្មើសច្បាប់ធ្ងន់ធ្ងរ មិនថាឯកសារនោះ “ពិត” ឬ “ក្លែងក្លាយ” ក៏ដោយ។
“ការដែលធ្វើប្លង់ដីព្រៃទុកសម្រាប់រកម៉ូយលក់”ដែលលោកនឿន ប៊ុនធឿនបានប្រាប់តាមទូរស័ព្ទនៃការសួររបស់លោក ឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ ថាមិនបានលក់ទេ គ្រាន់តែធ្វើទុកចោលតាំងពីឆ្នាំ២០១៧មកម្លេះ នេះជាពាក្យសារភាពដែលគិតតាមផ្លូវច្បាប់គឺមិនអាចទទួលយក។
ការអះអាងរបស់ លោក នឿន ប៊ុន ធឿន ថា បានធ្វើឯកសារកាន់កាប់ “ទុកសម្រាប់រកម៉ូយលក់” គឺជាពាក្យសារភាពមួយ ដែលបង្ហាញយ៉ាងច្បាស់ពី ចេតនាបំពានច្បាប់។
ដីព្រៃការពារ មិនមែនជាទ្រព្យសម្បត្តិឯកជន មិនអាចក្លាយជាវត្ថុជួញដូរ មិនអាចធ្វើឯកសារទុកលក់ និងមិនអាចផ្លាស់ប្តូរគោលបំណងប្រើប្រាស់តាមឆន្ទៈបុគ្គលបានឡើយ។
អំពើបែបនេះ មិនមែនជាកំហុសបច្ចេកទេស ឬការយល់ច្រឡំសាមញ្ញទេ ប៉ុន្តែជាការប្រព្រឹត្តដោយចេតនា ដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងធនធានជាតិ។
សូមបញ្ជាក់ថា"កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៥នេះ ជាថ្ងៃបរិច្ឆេទកំណត់របស់មន្ទីរបរិស្ថានខេត្តរតនគីរីកោះហៅឲ្យលោកនឿនប៊ុនធឿនចូលខ្លួនបំភ្លឺនៅមន្ទីរបរិស្ថានប៉ុន្តែលោក នឿន ប៊ុនធឿនមិនចូលខ្លួនបំភ្លឺ—ជាសញ្ញាមិនគោរពច្បាប់។
ការដែល លោក នឿន ប៊ុន ធឿន មិនបានចូលខ្លួនបំភ្លឺតាមការកោះហៅផ្លូវការ របស់មន្ទីរបរិស្ថានខេត្តរតនៈគិរី គឺជាសញ្ញាបង្ហាញពីការមិនគោរពច្បាប់ និងមិនគោរពអំណាចរដ្ឋ។
អង្គភាពសារព័ត៌មានរាល់ថ្ងៃ សូមកោតសរសើដល់មន្ទីរបរិស្ថានខេត្តរតនៈគិរី ការដាក់បញ្ហានេះចូលដល់ដំណាក់កាល រាយការណ៍បញ្ជូនទៅតុលាការ តាមការបញ្ជាក់របស់មន្ទីរ គឺជាជំហានត្រឹមត្រូវ ដែលសង្គមកំពុងរង់ចាំនឹងចង់ឃើញ ថា ច្បាប់នឹងត្រូវអនុវត្ត ឬអត់? សូមកុំមានការលើកលែង។ ក្នុងនាមជាអង្គភាពសារព័ត៌មានរាល់ថ្ងៃ យើងសូមបញ្ជាក់យ៉ាងច្បាស់ថា៖
អ្នកណាក៏ដោយ ដែលហ៊ានរៀបចំ ឬអះអាងសិទ្ធិលើដីព្រៃការពារ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ករណីនេះ មិនអាចបញ្ចប់ដោយពាក្យ “ឯកសារក្លែងក្លាយ” ហើយដោះលែងការទទួលខុសត្រូវបានឡើយ។
សូមតុលាការត្រូវពិនិត្យលើ ចេតនា អំពើ និងផលប៉ះពាល់ មិនមែនត្រឹមតែសន្លឹកឯកសារប៉ុណ្ណោះ។ ដីព្រៃការពារ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់ជាតិ មិនមែនជាវាសនារបស់បុគ្គលណាម្នាក់មកលេងសើច ឬយកទៅធ្វើអាជីវកម្មក្រៅច្បាប់ឡើយ។
ច្បាប់ត្រូវតែឈរលើគោលការណ៍ “គ្មានអ្នកណាធំជាងច្បាប់” ហើយករណីលោក នឿន ប៊ុន ធឿន ត្រូវតែជាករណី នៃការអនុវត្តច្បាប់យ៉ាងតឹងរឹង និងតម្លាភាព។
អង្គភាពសារព័ត៌មានរាល់ថ្ងៃ នឹងបន្តតាមដានករណីនេះរហូតដល់មានការទទួលខុសត្រូវតាមច្បាប់ ដោយគ្មានការលើកលែង៕អត្ថបទ ដោយ ឃិន សុខន













Post a Comment